គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

អំបុកខ្មែរ និងឈឺសធ្វើពីគ្រាប់ស្វាយចន្ទីទទួលបានជ័យលាភីសម្រាប់ពាន រង្វាន់ត្នោតមាស

កាលបរិច្ឆេទ: ១២ សីហា ២០២៤ / ម្ហូបអាហារ / Author : ATH Sokren

អំបុកខ្មែរលាយជាមួយដំណាប់ផ្លែឈើបង្កើតឡើងដោយក្រុមនិស្សិតមួយក្រុមមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានឆក់យកបេះដូងគណៈមេប្រយោគពានរង្វាន់ត្នោតមាសឱ្យជ្រើសរើសមុខម្ហូបសម្រាប់អាហារពេលព្រឹកមួយនេះសម្រាប់ជ័យលាភីលេខមួយនៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ត្នោតមាសឆ្នាំ២០០២៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ កក្កដាកន្លងទៅនេះ។

ចំណែកឯជ័យលាភីទីពីរ និងទីបីបានទៅលើក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ដែលក្រុមទាំងពីរជ្រើសរើសយកផលិតផលដូចគ្នាដោយចៃដន្យ គឺឈឺសធ្វើពីគ្រាប់ស្វាយចន្ទី។

ការងារស្រាវជ្រាវរបស់និស្សិតទាំងអស់ឆ្លងកាត់ការវាយតម្លៃដោយគណៈមេប្រយោគដែលមានសមាសភាពដូចជា លោកបណ្ឌិតអៃ សុងហ៊ាង ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ការបណ្តុះបណ្តាលវិជ្ជាជីវៈប្រចាំតំបន់នៃក្រសួងអប់រំ យុវជន និងកីឡា (ជាប្រធាន) លោកសុខ សារ៉ង (មកពីស្ថាប័នចេញវិញ្ញាបនបត្រសរីរាង្គអន្តរជាតិ Ecocert) លោកឡៅ រាសី (អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម) លោកហ្វីលីព ម៉ូណាំង (អគ្គនាយកក្រុមហ៊ុនចម្ការកៅស៊ូមេមត់ Memot Rubber Plantation) និងលោកបណ្ឌិត ងួន សំណាង  (ព្រឹទ្ធបុរស និងជាប្រធានផ្នែកស្រាវជ្រាវនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម)។

កម្មវិធីប្រកាសលទ្ធផលដែលមានវត្តមានបេក្ខជននិស្សិតចំនួន១១ក្រុម និងនិស្សិតផ្សេងៗទៀតចំនួន២០០នាក់ផ្នែកផលិតចំណីអាហារ និងផ្នែកក្សេតសាស្រ្ត បានប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

នេះជាពានរង្វាន់ត្នោតមាសលើកទីប្រាំហើយ បន្ទាប់ពីរៀបចំឡើងលើកដំបូងនៅឆ្នាំ២០១៨ ដោយមូលនិធិគីណាល់ដែលជាកញ្ចក់ឆ្លុះបញ្ចាំងពីគោលនយោបាយទំនួលខុសត្រូវសង្គម និងបរិស្ថានរបស់ក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល ក្នុងបំណងជំរុញលើកទឹកចិត្តនិស្សិតផ្នែកផលិតចំណីអាហារ និងផ្នែកក្សេតសាស្រ្តឱ្យខិតខំធ្វើការស្រាវជ្រាវច្នៃប្រឌិតដើម្បីចូលរួមចំណែកយ៉ាងសកម្មអភិវឌ្ឍជនបទនៅកម្ពុជា។

ប្រធានបទសម្រាប់ឆ្នាំនេះគឺ «ការច្នៃប្រឌិតបង្កើនគុណតម្លៃផលិតផលរុក្ខជាតិមានប្រយោជន៍ដល់សុខភាព សម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ»។ «ក្នុងសម័យកាលដែលជំងឺបេះដូង ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមកំពុងតែរីករាលដាលនៅកម្ពុជាដោយសាររបបអាហារសម្បូរសារជាតិខ្លាញ់ និងស្ករច្រើនពេក ដែលបណ្តាលមកពីទំនោរទៅរក «អាហារបែបលោកខាងលិច» តាមរយៈការបង្កើតប្រធានបទ «បង្កើនគុណតម្លៃរុក្ខជាតិដែលមានអត្ថប្រយោជន៍សម្រាប់សុខភាព» គឺខ្ញុំចង់លើកកម្ពស់គោលការណ៍មួយដែលអាចដឹកនាំយើងទាំងអស់គ្នាឈានទៅរកការរស់នៅប្រកបដោយសុខភាពល្អ។ គោលការណ៍នោះគឺ សុំឱ្យចំណីអាហាររបស់អ្នកក្លាយជាឱសថទីមួយសម្រាប់សុខភាពអ្នក»។ នេះជាប្រសាសន៍របស់លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ ថ្លែងទៅកាន់អ្នកចូលរួម ដើម្បីពន្យល់ពីមូលហេតុដែលលោកជ្រើសរើសយកប្រធានបទនេះ ដោយគូសបញ្ជាក់ថា ការព្យាបាលដោយឱសថបុរាណបានចាក់ប្ញសនៅក្នុងប្រទេសកម្ពុជារាប់សិបសតវត្សរ៍មកហើយ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំឲ្យមានពានរង្វាន់ត្នោតមាសដើម្បីលើកស្ទួយការងារស្រាវជ្រាវមិនថាក្នុងវិស័យផលិតចំណីអាហារ ឬផ្នែកឱសថនោះទេ។ នៅក្នុងសុន្ទរកថា ឯកឧត្តមមិនភ្លេចលើកទឹកចិត្តជំរុញឲ្យនិស្សិតមានក្តីស្រមៃធំ និងខិតខំប្រឹងប្រែងរៀនសូត្រស្រាវជ្រាវដើម្បីសម្រេចគោលបំណងរបស់ពួកគេ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍យ៉ាងដូច្នេះ៖ «ខ្ញុំគាំទ្រឱ្យអ្នកទាំងអស់គ្នាមានក្តីស្រមៃ និងសម្រេចក្តីស្រមៃនោះតាមរយៈការខិតខំប្រឹងប្រែងរៀនសូត្រ និងស្រាវជ្រាវឱ្យអស់ពីសមត្ថភាព»។ លោកក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការយកចិត្តទុដាក់ និងការច្នៃប្រឌិតដើម្បីទទួលបានជោគជ័យ។

ឯកឧត្តមបានបញ្ចប់ថា៖​ «ខ្ញុំស្វាគមន៍ពន្លកថ្មីនៃសង្គមកម្ពុជា។ ក្នុងនាមឯកឧត្តមហ៊ុន ម៉ានី ខ្ញុំនឹងប្តេជ្ញាថា សហភាពសហព័ន្ធយុវជនកម្ពុជានឹងបន្តគាំទ្រការងារនេះ ហើយចង់ឃើញឲ្យមានការបើកឲ្យទូលំទូលាយឲ្យមានការចូលរួមពីប្រទេសជិតខាងដូចជាប្រទេសថៃ ប្រទេសឡាវ ប្រទេសវៀតណាមជាដើម»៕